NEWS News & Events រៀនគិត!

News & Events

រៀនគិត!

Detail: Created OnMon, 11, May - 2020

ការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលជំនាញផ្សេងៗពិតជាសំខាន់ និងបានឆ្លើយតបទៅកាន់តម្រូវការទីផ្សារការងារក្នុងសង្គម ហើយជាយូរមកហើយយើងទាំងអស់គ្នាតែងដឹងថា​​ កម្លាំងពលកម្ម​ ជំនាញ និងលុយគឺធនធានដ៏សំខាន់ក្នុងការវិវត្តន៍នៃសេដ្ឋកិច្ចពិភពលោក។​  យើងតែងដឹងថា លុយ​ គឺជារូបិយបណ្ណ ក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែក្នុងស.វទី២១​ ត្រូវបានគេនិយាយ ថា “គំនិត គឺជារូបិយបណ្ណថ្មី” នៅពេលដែលយើងមានគំនិតដែលល្អ យើងនឹងអាចយកគំនិតមកប្រើប្រាស់ ឬ​ គ្រាន់តែចែកចាយគំនិតនោះយើងក៏អាចរកចំណូលបានដែរ។ ឧទាហរណ៍ ដូចជាក្នុងកម្មវិធី TedTalk ដែលជាកម្មវិធីដ៏ល្បីមួយដែលវាគ្មិនគឺមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ជាតិសាសន៍ អ្នកខ្លះបកស្រាយពីរបរគំហើញថ្មី អ្នកខ្លះនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួន...ល។ គំនិតទាំងនោះភាគច្រើនសុទ្ធតែអាចឲ្យអ្នកស្តាប់ទទួលបានចំណេះដឹងផ្សេងៗគ្នា។ តើធ្វើដូចម្តេចទើបអាចក្លាយជាអ្នកចែកចាយគំនិតបាន? តើធ្វើម្តេចទើបគំនិតយើងអាចសាកសមនឹងចែកចាយបាន? ទាំងអស់នេះគឺកើតចេញពីការចេះគិតឲ្យបានច្រើនជ្រុង យកហេតុផល​ជាច្រើនមកថ្លឹងថ្លែង ដោយមានអំណះអំណាង និងបទពិសោធន៍ជាក់ស្តែងបន្ទាប់មកគឺចេះវាយតម្លៃ ការគិតបែបនេះក្នុងភាសាអង់គ្លេសហៅថា “Critical Thinking” គួរបញ្ជាក់ផងដែរថា Critical Thinking មិនមែនបានន័យថា Criticize ដែលប្រែជាខ្មែរថា “រិះគន់”​ នោះទេ។ តើការចេះគិតបែបនេះគួរប្រើពេលណា គួរចាប់ផ្តើមមាននៅពេលណា? ការគិតបែបនេះគឺត្រូវប្រើគ្រប់ពេល គ្រាន់តែយើងគ្រប់គ្នាមិនបានចាប់អារម្មណ៍ ហើយពេលខ្លះយើងមិនបានប្រើ ឬ ប្រើមិនអស់លទ្ធភាព។ ហើយការដែលប្រើការគិតមិនបានត្រឹមត្រូវ ឬ ក៏មិនអស់ពីលទ្ធភាពក៏អាចបង្កជាទុក្ខទោស ក៏ដូចជាភាពអសកម្មនានាដែរ។

ក្នុងពិធីជួបជុំនិស្សិតមួយ​ លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យន័រតុន ក៏ជាវេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យាផងដែរនោះបានមានប្រសាសន៍ ទាក់ទងពីការគិតដោយត្រិះរិះពិចារណា ឬ Critical Thinking នេះដែរថា “ ការដែលខ្វះការគិតបែប “Critical” គឺជារឿងគួរឲ្យបារម្ភ” លោកក៏បានលើកឧទាហរណ៍ទាក់ទងនឹងហេតុការណ៍ជាក់ស្តែងដែលកើតឡើង “នៅពេលដែលមានអ្នកបើកបរម្នាក់បានបើកបុកមនុស្សម្នាក់ស្លាប់ ហើយក៏បានរត់គេចតែត្រូវមនុស្សជាច្រើនចោមរោមវាយសម្លាប់អ្នកបើកបរនោះដោយគិតថាដើម្បីរកយុត្តិធម៌ តែពួកគាត់មិនបានគិតថា អ្នកបើកបរនោះគាត់អាចជាប់ទោសពីបទមនុស្សឃាតដោយអចេតនា ប៉ុន្តែប្រជាជនដែលព័ទ្ធវាយនោះអាចជាប់ទោសពីហឹង្សារ ឬ​ មនុស្សឃាតដោយចេតនា”។ ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថា ក្នុងបណ្តាញសង្គមក៏ឃើញមានការចែកចាយនូវព័ត៌មានជាច្រើនដែលព័ត៌មានជាច្រើនគឺជាព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់ ដែលនេះក៏កើតឡើងដោយសារកង្វះការពិចារណាដោយផ្អែកលើភស្តុតាង និងហេតុផលសមរម្យដែរ។

ដូចនេះក្នុងនាមជាបុគ្គលិកក្នុងស្ថាប័នអប់រំមួយ ក៏ដូចជាគ្រូបង្រៀន ផងដែរនោះក្រៅពីការផ្តល់ការបង្រៀនជាមេរៀនចំណេះដឹងទូទៅ ឬ​ ជំនាញណាមួយយើងគួរបង្ហាត់បង្ហាញឲ្យសិស្សរបស់យើងរៀនគិត រៀនប្រើគំនិត និងអាចឈានដល់ការច្នៃប្រឌិតនានា។ យើងមិនអាចគ្រាន់តែបង្រៀនឲ្យគាត់ថាតាមយើងនោះទេ យើងត្រូវរកវិធីដើម្បីឲ្យគាត់ចូលរូមគិត និងបញ្ចេញយោបល់ជាមួយយើង ដូចឃ្លារបស់លោក បេនចាមីន ហ្វ្រេងគ្លីន ដែលជាអ្នកនិពន្ធ និងអ្នកទស្សនវិទូរនយោបាយដ៏ល្បីរបស់អាមេរិកមួយរូបបានពោលថា “បើអ្នកប្រាប់ខ្ញុំ ខ្ញុំនឹងអាចភ្លេច, បើអ្នកបង្រៀនខ្ញុំ ខ្ញុំនឹងចាំ, បើអ្នកឲ្យខ្ញុំចូលរួមជាមួយដែរ ខ្ញុំនឹងចេះ”។

តើធ្វើយ៉ាងដូចម្តេចទើបអាចឲ្យសិស្ស ឬ និស្សិតមានការអភិវឌ្ឍន៍ផ្នែកការគិត? តាមមតិរបស់សាស្ត្រាចារ្យដែលកំពុងបង្រៀននៅសាកលវិទ្យាល័យមួយចំនួនបានបង្ហាញពីការបារម្ភពីការចុះខ្សោយនៃសមត្ថភាពនៃការគិត របៀបនៃការបញ្ចេញគំនិត និងបញ្ចេញមតិ។ យើងអាចសង្កេតឃើញថា រាល់ពេលបង្រៀន ឬ​សិក្ខាសាលា មិនសូវមានការចោទជាសំណួរ ឬ​សំណួខ្លះអាចមិនសូវពាក់ព័ន្ធនឹងប្រធានបទក៏មាន។ ដូចនេះយើងគួររិះរកវិធីនានាដើម្បីទាញនិស្សិតឲ្យចូលរួមជាមួយការបង្រៀនដែរ ដោយយើងត្រូវប្រើបច្ចេកទេសឲ្យពួកគាត់ដែលជាសិស្ស និស្សិត ចេះឆ្ងល់, គាត់ចេះយករឿង ឬមេរៀនមកភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃ ឬហេតុការណ៍ដែលគាត់ធ្លាប់ជួប ឬ ដឹងឮ។ យើងគួរបង្វឹកឲ្យពួកគាត់ចេះប្រៀបធៀបរកចំណុចដូចគ្នា និងខុសគ្នា, ចេះវិភាគដោយបំបែកគំនិត ឬ​ហេតុការណ៍នោះជាផ្នែកតូចៗ, ចេះបែងចែកប្រភេទ ឬចំណាត់ថ្នាក់ និងចុងក្រោយគឺវាយតម្លៃ។

ការដែលចេះគិត និងថ្លឹងថ្លែងអាចបញ្ជៀសយើងពីបញ្ហា ហើយក៏អាចជួយឲ្យយើងរីកចម្រើន ច្នៃប្រឌិតជាគំនិតដែលមានប្រយោជន៍ផងដែរ។