NEWS News & Events រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​ លើក​ឡើង​ពី​លទ្ធភាព​អាច​បើក​សាលា​​រៀន​ឡើង​វិញ​បាន​

News & Events

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​ លើក​ឡើង​ពី​លទ្ធភាព​អាច​បើក​សាលា​​រៀន​ឡើង​វិញ​បាន​

Detail: Created OnMon, 11, May - 2020

ខណៈ​កម្ពុជា​កំពុង​ទប់​​ទល់​ទៅ​នឹង​ការ​ឆ្លង​រីក​រាលដាល​​នៃ​កូវីដ​–១៩​​​ ហើយ​ឪពុកម្តាយ​​ភាគច្រើន​ទន្ទឹងរង់ចាំ​ពេលបើក​សាលារៀន​ឡើង​វិញ លោក​ ហង់​​ ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​​បាន​​លើក​ឡើង​ពី​លទ្ធភាព​អាច​បើក​សាលា​រៀន​​​នៅ​ទូទាំង​ប្រទេស​​​លុះ​ត្រា​​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់​មាន​លក្ខណៈល្អប្រសើរ​នូវចំណុចធំៗមួយ​ចំនួន​។​

ក្នុង​កិច្ច​សម្ភាស​ជាមួយ​នឹង​​ទូរទស្សន៍​​ស៊ីអិន​ស៊ី​​កាល​​ពី​ល្ងាច​ថ្ងៃ​ទី៨ ខែ​ឧសភា​​ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​​ ​ ថ្នាក់​ដឹក​នាំ​​ក្រសួង​​​អប់រំកំពុង​តាម​ដាន​ជា​ប្រចាំ​ ហើយ​​លទ្ធភាព​អាច​បើក​សាលា​ឱ្យ​សិស្ស​ចូល​រៀន​វិញ​​បាន លុះ​ត្រា​ស្ថានភាព​​ឆ្លង​រីករាលដាល​​​នៃ​កូវីដ​–១៩ អាច​គ្រប់​គ្រង​បាន​​ទូទាំង​ពិភពលោក ​មាន​ន័យ​ថា​​ បញ្ហា​នេះ​អាច​គ្រប់​គ្រង​បាន​​គ្រប់​កន្លែង​ ហើយ​​ជា​ពិសេស​ នៅ​​ក្នុង​តំបន់​។ ក្នុង​​តំបន់​មាន​ប្រទេស​វៀត​ណាម ថៃ និង​ប្រទេស​ឡាវ​ជាដើម​ ព្រោះ​ថា​​ប្រទេស​ជិត​​ខាង​​រមែង​មាន​​លំហូរ​​ ប្រជាជន​​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​​ពលករ​​។ ត្រូវ​ពិនិត្យ​មើល​ស្ថានភាព​ប្រទេស ​​ក្នុង​តំបន់​អាស៊ាន​ទៅ​ទៀត មាន​អាទិ៍​ប្រទេស​ម៉ាឡេស៊ី​ សិង្ហបុរី​ តើ​ប្រទេស​ទាំង​អស់​នោះ​អាច​​គ្រប់​បាន​ដែរ​ឬ​ទេ? ដូច្នេះ​បើ​ប្រទេស​ទាំង​អស់​នោះ​ មិន​ទាន់​អាច​គ្រប់​គ្រង​បាន​កម្ពុជា​ក៏​មិនទាន់​អាច​បើក​សាលារៀន​បាន​វិញ​ដែរ។​

លោក​​បាន​​ឱ្យ​ដឹង​ទៀត​ថា ក្រសួង​អប់រំ យុវជន​ និង​កីឡា​​ ធ្វើ​ការងារ​ ​ដោយ​មាន​​​ការ​ទទួល​ខុស​ត្រូវ​​ខ្ពស់​បំផុត​ជាមួយ​មាតាបិតា​សិស្ស​ ចំពោះ​ប្រទេស​ជាតិ​ ក្នុង​ការ​ធានា​សុវត្ថិភាព​​របស់​សិស្ស។ ​លោក​បាន​រម្លឹក​​ឡើង​វិញ ​​ករណី​បិទ​សាលា​នៅ​​ខេត្ត​សៀមរាប​ គឺជា​វិធាន​ការ​មួយ​​ឆ្លើយ​តប​ទាន់​ពេល​​បំផុត​ ហើយ​ផ្ទុយ​ទៅ​វិញ​​បើ​​​មិន​មាន​​ការ​បិទ​សាលា​រៀន​ទាន់​ពេល​ទេ ​​ម្ល៉េះ​នឹង​អាច​មាន​ការ​ឆ្លង​​ទៅ​សិស្ស​ ហើយ​សិស្ស​នឹង​ចម្លង​ទៅ​គ្រូ​ និង​ឪពុក​ម្ដាយ​ ពេល​នោះ​ហើយ​​ការ​ឆ្លង​ក្នុង​​​​សហគមន៍​​​កម្រិត​ធំ​​​នឹង​អាច​កើត​មាន​។

“អញ្ចឹង​ប្រទេស​​មួយ​ចំនួន ​ដែល​ឆ្លង​ធំ​ហ្នឹង​គឺ​ឆ្លង​ចឹង​ គាត់​យល់​​ថា​ អត់​ឈឺ​ផង ​ប៉ុន្តែ​ឈឺ​ហ្នឹង​អត់​អី​ ​អត់​បិទ​សាលា​​គឺ​ពេល​ហ្នឹង​ហើយ​​គឺ​ជា​ដំណាក់​កាល​ចម្លង​ដោយ​មិន​ដឹង​ខ្លួន​​​ ពិសេស​គ្រប់​គ្រួសារ​សុទ្ធ​តែ​មាន​​កូន​ទៅ​រៀន​​។ ដូច្នេះ​បើ​យើង​មិន​យក​ចិត្ត​​ទុក​ដាក់​ហ្នឹង​​កន្លែង​នេះ​គឺជា​កន្លែង​ដែល​អាច​ចម្លង​ទៅ​បាន​។​​ឪពុក​ម្ដាយ​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ ហើយ​ក្រសួង​អប់រំ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដែរ​​​។ សហរដ្ឋ​អាមេរិក​បាន​មើល​ឃើញ​ថា​ ​កូវីដ​–១៩ មាន​​ទំហំ​ធំជាង​​សង្គ្រាម​លោក​លើក​ទី​២​ទៅ​ទៀត​។​ចំពោះ​ពិភពលោក​អត់​ដឹង​យ៉ាង​ម៉េច​ទេ​។​ដូច្នេះ​ហើយ​បាន​ក្រសួង​ត្រូវ​ប្រយ័ត្ន​ប្រយែង​ ហើយ​ត្រូវ​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​បើ​សិន​បើក​សាលា​ក្តី​ក៏​ត្រូវ​គោរព​តាម​ស្តង់ដា​មួយ​គឺ​គម្លាត​សង្គម​​​​​”។

លោក​បាន​បន្ថែម​​​ទៀត​ថា ករណី​បើក​សាលា​គឺ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​ត្រូវ​​ធ្វើ​ការ​វាយ​តម្លៃ​សិស្ស​ថា​ តើ​​ការ​រៀន​តាម​​ប្រព័ន្ធ​អនឡាញ​​​មាន​សមត្ថភាព​ និង​ចំណេះ​យ៉ាង​ដូចម្ដេច? ហើយ​​ជា​ពិសេស​ គឺ​សិស្ស​ដែល​​ត្រូវ​ប្រលង​។ ដូច្នេះ​តើ​ក្រសួង​​ត្រូវ​ផ្ដល់​ពេល​វេលា​រៀន​​បន្ថែម​ប៉ុន្មាន​ខែ​ទៀត​ ដើម្បី​អាច​ប្រលង​​បាន​។

“ដូច្នេះ​ក្រសួង​នឹង​ធ្វើ​ការ​វាយ​តម្លៃ​​ ដោយ​ផ្ដោត​លើ​កម្រិត​សមត្ថភាព​របស់​សិស្ស​ ដែល​គាត់​រៀន​​អនឡាញ​ខ្លួន​​​ឯង​ហ្នឹង ហើយ​នៅ​ពេល​ចូល​មក​វិញ​​គឺ​ត្រូវ​​ឱ្យ​​គ្រូ​វាយ​តម្លៃ​ហើយ​ ដូច​សិស្ស​ថ្នាក់​ទី​១២ និង​ទី​៩ ​ហើយ​បន្ទាប់​មក​យើង​ត្រូវ​កំណត់​ពេល​ តើ​គាត់​ត្រូវ​រៀន​​ប៉ុន្មាន​ទៀត​ ៣ ខែ​ ឬ​៤​ខែ​ នៅ​ពេល​នោះ​យើង​នឹង​ដាក់​ឱ្យ​មាន​ការ​ប្រលង​។ ដូច្នេះ​ក្រសួង​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រចាំ​ថា​ ពេល​ណា​ទើប​អាច​បើក​សាលា​បាន​ ទាល់​តែ​ក្នុង​តំបន់​ហ្នឹង​វា​ល្អ​ ហើយ​ជា​ពិសេស​ទាល់​តែ​មាន​សញ្ញា​ថា​ នឹង​មិន​មាន​ការ​​ឆ្លង​ចូល​សហគមន៍​ទេ​​”។

​បច្ចុប្បន្ន​​នេះ​មាន​​ប្រទេស​៩ ប៉ុណ្ណោះ​ ក្នុង​ចំណោម​ប្រទេស​ជិត​២០០ ដែល​បាន​បើក​សាលា​ ហើយ​ប្រទេស​ ៩ ដែល​បាន​បើក​នោះ​គឺ​ក្នុង​មួយ​បន្ទប់​មាន​សិស្ស​តែ​២០​នាក់​ទេ​ ដោយ​សិស្ស​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា​ដល់​ទៅ​២​ម៉ែត្រ​ និង​មិន​អាច​ប៉ះពាល់​ជាមួយ​គ្រូ​ និង​ទំនាក់​ទំនង​ជាមួយ​សិស្ស​ដទៃ​ទៀត​​ឡើយ​។​នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​៕

ប្រភពពី: http://kampucheathmey.com/