NEWS News & Events ពិធី​បើក​ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល ពានរង្វាន់​ន័​រ​តុ​ន លើក​ទី ៥

News & Events

ពិធី​បើក​ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល ពានរង្វាន់​ន័​រ​តុ​ន លើក​ទី ៥

Detail: Created OnSun, 19, March - 2017

ដើម្បី​បណ្តុះបណ្តាល​ឲ្យ​និស្សិត​មានការ​យល់ដឹង​ចំពោះ ការ​ឲ្យ​តម្លៃ​ពេលវេលា និង​គុណភាព ស្រប​ពេលដែល​ត្រូវ​អភិវឌ្ឍ​នូវ​ស្មារតី និង​ស្វែងរក​បញ្ញាញាណ សាកលវិទ្យាល័យ​ន័​រ​តុ​ន​តែងតែ​បង្កើត​សកម្មភាព​ក្រៅ​ថ្នាក់​ផ្សេងៗ ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​បាន​ចូលរួម​ក្នុង​សកម្មភាព​សាលា និង​សង្គម​។ កីឡា​គឺជា​សកម្មភាព​ចម្បង​មួយ​ក្នុងចំណោម​សកម្មភាព​សង្គម​ជាច្រើន​ទៀត​។ 
​ជាក់ស្តែង នៅ​ព្រឺ​ក​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០១៧​នេះ ន័​រ​តុ​ន បាន​ប្រារព្ធ “​ពិធី​បើក​ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល ពានរង្វាន់​ន័​រ​តុ​ន លើក​ទី​៥” នៅ​ទីលាន ក្លឹប​កីឡា​ព្រី​មៀរ ដោយមាន​ការចូល​រូ​មយ៉ាង​កុះករ​ពី​សំណាក់​កីឡាករ​ដែលជា​និស្សិត​បាន​ចុះឈ្មោះ​ប្រកួត និង​ក្រោម​អធិបតីភាព លោក​បណ្ឌិត អ៊ុង វ៉ាន់​ធឿន សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ន័​រ​តុ​ន អមដោយ​គណៈ​គ្រប់គ្រង និង​បុគ្គលិក​។ ជាមួយនឹង​វត្តមាន របស់ លោក គួច សុ​កុម្ភៈ ជា​កីឡាករ​រៀមច្បង​ដ៏​ឆ្នើម​មួយរូប និង​ជា​អតីត​និស្សិត​ផ្នែក​នីតិសាស្ត្រ នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ផងដែរ​។ 
​ឆ្នាំនេះ​ជា​ឆ្នាំ​ទី ៥ ហើយ​ដែល​សាកលវិទ្យាល័យ​បាន​បង្កើត​ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល​ដណ្តើម ពានរង្វាន់ ជើងឯក​ប្រចាំ​សាកលវិទ្យាល័យ​នេះ​ឡើង​។ សម្រាប់​ការប្រកួត​លើក​ទី​៥​នេះ មាន​ក្រុម​ប្រកួត​រហូតដល់ ៦៩ ក្រុម ដោយមាន​កីឡាករ​សរុប​ចំនួន ៦៨០​នាក់​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​។ ចំនួន​ក្រុម​ប្រកួត​នេះ គឺជា​ចំនួន​ដ៏​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​មួយ ក្នុងការ​ប្រកួត​ពានរ​ង្វាន់​នានា ប៉ុន្តែ​បើទោះជា​មាន​ចំនួន​ក្រុម​ប្រកួត​ច្រើន​យ៉ាងនេះ​ក្តី ក៏​ការប្រកួត​នៅតែ​អនុវត្តតាម​រូបមន្ត និង​ច្បាប់​ប្រកួត​ត្រឹមត្រូវ ជាមួយនឹង​អាជ្ញារ​កណ្តាល​អាជីព​។ 
​ការប្រកួត​នេះ នឹង​ធ្វើឡើង​រៀងរាល់​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ទីលាន ក្លឹប​កីឡា​ព្រី​មៀរ ដោយមាន​ការប្រកួត​សរុប​ចំនួន ១២៦​ប្រកួត ទើប​អាច​សម្រេច​រក​ក្រុម​ជើងឯក​បាន​។ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងគេ​ក្នុងការ​ប្រកួត​នេះ​មិនមែនជា ពានរង្វាន់​នោះទេ គឺ​សុខភាព សាមគ្គីភាព វិន័យ និង​ភាពជា​អ្នកដឹកនាំ ទើប​គោលបំណង​សំខាន់​។​